ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួបតំណាងក្រុមហ៊ុនទឹកស្អាតមកពីប្រទេសថៃ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួបតំណាងក្រុមហ៊ុនទឹកស្អាតមកពីប្រទេសថៃ

ការអភិវឌ្ឍន៌វិស័យទឹកស្អាតគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រមុខ ។ ក្នុងនោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលដឹកនាំដោយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ តែងយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹកស្អាត ហើយតែងតែអំពាវនាវ ឲ្យអ្នកវិនិយោគទុនទាំងក្នុងនិងក្រៅប្រទេសចាប់អារម្មណ៌បណ្តាក់ទុនលើវិស័យនេះ នៅកន្លែងណាដែលរដ្ឋមិនទាន់មាន លទ្ធភាពធ្វើដល់ ដើម្បីកម្ពុជាសម្រេចបានតាមគោលដៅអភិវឌ្ឍន៌ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាគោលដៅអភិវឌ្ឍន៌របស់រាជរដ្ឋាភិបាល​ ដែលបានកំណត់ថា៖នៅឆ្នាំ២០២៥ ឲ្យវិស័យទឹកស្អាតទទួលបាន១០០% នៅតាមទីប្រជុំជន ។ ជាក់ស្តែងក្នុងជំនួបពិភាក្សារវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោក Khun Wut Bootsabong តំណាងមកពីក្រុមហ៊ុន Angkor Potable Water Co,Ltd នៃប្រទេសថៃ នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានជម្រុញឲ្យតំណាងក្រុមហ៊ុនខាងលើពន្លឿនគ្រោងការអភិវឌ្ឍន៌វិស័យទឹកស្អាតរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើបាននៅតំបន់ពីរ ក្នុងខេត្តស្វាយរៀង គឺតំបន់ក្នុងស្រុកចន្ទ្រា និងក្រុងបាវិត ពីព្រោះជាតំបន់សំខាន់ផ្នែកសេដ្ឋកិច្ចក្នុងខេត្ត បន្ទាប់ពីគ្រោងការណ៌នេះបានជាប់គាំងមួយរយៈ។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានណែនាំ ឲ្យតំណាងក្រុមហ៊ុនពិចារណាការវិនិយាគដោយការផលិតទឹកស្អាតសម្រាប់ការលក់ដុំ និងត្រូវគិតពីតម្លៃលក់សមរម្យផងដែរ​។

          លោក Khun Wut Bootsabong និងសហការី បានបង្ហាញនូវការតាំងចិត្តខ្ពស់ក្នុងការបន្តអនុវត្តគម្រាង អភិវឌ្ឍន៌វិស័យទឹកស្អាតនៅតំបន់ខេត្តស្វាយរៀង ។ ជាមួយគ្នានេះ ក្រុមរបស់លោកនឹងពិភាក្សាការងារបច្ចេក ទេសលំអិតថែមទៀត ជាមួយមន្ត្រីជំនាញរបស់ក្រសួង ។